អ្នកឧកញ៉ា ភួ វាសនា ជាពាណិជ្ជករឆ្នើមវ័យក្មេងមួយរូប នៅខេត្តបាត់ដំបង ដែលជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ អ្នកឧកញ៉ា ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលជាថ្នាក់ដឹកនាំតំណាងវិស័យឯកជនដ៏សំខាន់មួយរូប ក្នុងការជួយសម្របសម្រួលរាល់ការងារជាមួយរដ្ឋបាលខេត្ត រោងចក្រសហគ្រាស និងកិច្ចការផ្សេងៗធ្វើឱ្យដំណើរទស្សនៈកិច្ចពាណិជ្ជកម្ម ទាំងប្រតិភូជាតិ ប្រតិភូអន្តរជាតិ ទៅកាន់ខេត្តបាត់ដំបងដំណើរការដោយរលូន និងជោគជ័យ។
សហគ្រិនវ័យក្មេង ភួ វាសនា ជាកូនប្រុសរបស់លោកឧកញ៉ា ភួ ពុយ និងលោកជំទាវ អ៊ឹង ណងពីន។ លោកឧកញ៉ា ភួ ពុយ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង, ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង, អគ្គនាយកក្រុមហ៊ុន ភួ ពុយ អ៉ិនវេសមេន ខូ អិលធីឌី ដែលគ្រប់គ្នាភាគច្រើនបានស្គាល់ច្បាស់ជាងគេគឺ លោកជាម្ចាស់ផ្សារ ភួពុយ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល។
អ្នកឧកញ៉ា ភួ វាសនា បានជាប់ឆ្នោតចំនួន ២លើក ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងអាណត្តិទី១ បន្ទាប់ពីលោកជាប់ឆ្នោតជាលើកទី២ អាណត្តិទី១ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ ទទួលស្គាល់អ្នកឧកញ៉ា ភួ វាសនា ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២ យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា ពាណិជ្ជករនៅភូមិភាគពាយ័ព្យ ភួ វាសនា ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្រុកថ្មគោល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ៣ឆ្នាំបន្ទាប់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា ភួ វាសនា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣៕