ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ បានប្រកាសរៀបចំពិធីបុណ្យឆ្លងប្រគេនអណ្ដូងទឹកស្អាត ទី៣ និងទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “សូមគោរពឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ពុទ្ធបរិសទ្ធ័ទូទាំងប្រទេស ដែលបានចូលរួមបច្ច័យកសាងអណ្តូងទឹកស្អាត និងប្រព័ន្ធទឹកស្អាតនៅវត្តជោតប្បនារាម ហៅ (វត្តតាសុត) វត្តព្រះអង្គវនវាសីចន្ទមុនី ខ្ញុំសូមជម្រាបជូនថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៤រសៀល ធ្វើបុណ្យដាក់ឆ្លងអណ្តូងទី៣ និង ទី៤”។
ឧកញ៉ា ហួត ឈឿន បានឱ្យដឹងបន្ថែមទៀតថា កម្មវិធីខាងលើក៏នឹងមានការដាំនិងបំបួសដើមឈើចំនួន៤មុខ មានដើមព្នៅចំនួន៤ដើម ដើមស្រម៉ចំនួន៤ដើម ដើមម្តិញចំនួន២ដើម និងដើមសន្តាន់២ដើម ដែលសុទ្ធសឹងជាដើមឈើដែលយើងស្ទើរតែភ្លេច ហើយមិនដែលស្គាល់ផង។ ហេតុនេះ លោកឧកញ៉ាសូមអញ្ជើញចូលរួមទទួលមគ្គផលតាមសទ្ធារៀងៗខ្លួនដែលលោក-លោកស្រីបានសាង។
លោកឧកញ៉ា ហួត ឈឿន ធ្លាប់បានបញ្ជាក់ថា អណ្តូងដំបូង (ទី១) និងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែកអណ្តូងទី៣ ទោះសាងសង់រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយទេ ចាំវេរប្រគេនរួមគ្នាជាមួយនឹងអណ្តូងលើកទី៤តែម្តង។ សូមជម្រាបថា ឧកញ៉ា ហួត ឈឿន ប្រគេនអណ្ដូងទឹកស្អាតទាំង៤នេះ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី គឺដើម្បីទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ៕