តាមការប្រកាសលើគេហទំព័រផ្លូវការ ក្រុមហ៊ុនផលិត និងលក់ផលិតផលប្រណីតៗលំដាប់ពិភពលោក LVMH របស់កំពូលមហាសេដ្ឋីមានដាច់គេ Bernard Arnault បានកើបប្រាក់ចំណូលជាង ២១ពាន់លានអឺរ៉ូ (ប្រមាណ ២២,៣ពាន់លានដុល្លារ) ពីប្រភពអាជីវកម្មសំខាន់ៗទាំងប្រាំប្រភេទរបស់ខ្លួន នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ នេះ។
សព្វថ្ងៃ LVMH Group ជាក្រុមហ៊ុនដ៏ធំមួយដែលមានម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗជាច្រើនរួមទាំង Louis Vuitton, Christian Dior និង Fendi ជាដើម ខណៈអាជីវកម្មសម្លៀកបំពាក់ទាំងនេះហើយ ដែលទាញប្រាក់ចំណូលចូលក្រុមហ៊ុនច្រើនជាងគេ ពោលបានដល់ទៅចំនួន ១០,៥ពាន់លានអឺរ៉ូ។
នៅត្រីមាសដដែល វិស័យលក់រាយរបស់ក្រុមហ៊ុនបានទាញប្រាក់ចំណូលដល់ទៅខ្ទង់ ៤,២ពាន់លានអឺរ៉ូ ស្របពេលដែលការលក់ផលិតផលនៅក្នុងអាជីវកម្មនាឡិកា និងគ្រឿងអលង្ការក៏អាចទាញប្រាក់បានប្រមាណ ២,៥ពាន់លានអឺរ៉ូ រីឯអាជីវកម្មទឹកអប់ និងគ្រឿងសម្អាងវិញកើបប្រាក់បានខ្ទង់ ២,២ពាន់លានអឺរ៉ូ ខណៈអាជីវកម្មស្រារបស់ក្រុមហ៊ុនយក្សមួយនេះ កើបប្រាក់ចំណូលបានទាបជាងគេ ពោលបានប្រមាណ ១,៤ពាន់លានអឺរ៉ូប៉ុណ្ណោះ។
គួរជម្រាបបន្ថែមថា បច្ចុប្បន្ន LVMH មានបុត្រសម្ព័ន្ធដល់ទៅ ៦០ក្រុមហ៊ុន ដែលកំពុងគ្របដណ្តប់លើផលិតផលកំពូលៗប្រមាណ ៧៥ម៉ាក ខណៈកាលពីត្រីមាសដំបូងនៅឆ្នាំមុនវិញ ក្រុមហ៊ុនកើបប្រាក់ចំណូលបានជាង ២១ពាន់លានអឺរ៉ូផងដែរ៕