នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលបច្ចុប្បន្នមានវ័យ ៧២ឆ្នាំ បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងប្រគល់អំណាចទាំងស្រុង ទៅឲ្យលោក Lawrence Wong កាន់តំណែងជំនួសវិញ នៅថ្ងៃទី១៥ ខែឧសភា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ការិយាល័យនាយករដ្ឋមន្ត្រី បានបង្ហាញឲ្យដឹងថា លោក Wong ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ក្រោយពិធីស្បថចូលកាន់តំណែងជាផ្លូវការ ធ្វើឡើងនៅវិមាន Istana នាខែក្រោយនេះ។
ជុំវិញការផ្លាស់ប្តូរមេដឹកនាំដ៏គួរឲ្យភ្ញាក់ផ្អើលនេះ លោក Lee បាននិយាយថា ៖” ខ្ញុំនឹងសម្រេចចិត្តលាលែងពីតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ហើយឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសវិញ។ លោក Lawrence និងក្រុមការងាររបស់គាត់ ធ្វើការច្រើនខ្លាំងណាស់ ដើម្បីទទួលបានការទុកចិត្តពីប្រជាជន ជាពិសេសអំឡុងពេលមានជំងឺរាតត្បាត”។
ជម្រាបជូនផងដែរថា លោក Wong ត្រូវបានតែងតាំងជាប្រធានគណបក្សសកម្មភាពប្រជាជន (PAP) ជំនាន់ទីបួន កាលពីពីរឆ្នាំមុន ខណ:ពេលដែលលោក បានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងអំឡុងពេលជួយសម្របសម្រួលប្រទេសសិង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19៕