កម្ពុជាទទួលបានទេសចរសរុបជាង២១លាននាក់ ក្នុងរយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ មានសរុបជាង២១លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញតេលេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ ខណៈទេសចរបរទេសប្រមាណ  ១១ ម៉ឺននាក់។

សម្តេចធិបតីបន្តថា ជាការកតសម្គាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។

ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

ដោយឡែកចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

សូមជម្រាបជូនថា រាជធានីខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥រួមមាន ខេត្តកំពង់ចាម ៥ ៣៤៩ ៨១១លាននាក់, ខេត្តព្រៃវែង ២ ២៩៨ ៤០២នាក់, ខេត្តកំពង់ស្ពឺ ២ ១០៣ ៩១៥លាននាក់, ខេត្តបាត់ដំបង ១ ៧៣៤ ៦២៩នាក់, ខេត្តកំពត ១ ៤០៣ ៤៩៧នាក់ ខណៈរាជធានីភ្នំពេញមាន ១ ៣២១ ១២០នាក់៕