ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម “សិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការច្បាប់ពាណិជ្ជកម្មអាស៊ាន-ចិន” តាមប្រព័ន្ធអនឡាញ។ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន និង នាយកដ្ឋានកិច្ចការច្បាប់នៃក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រោមមូលបទ “ការស្រាវជ្រាវនិងការអនុវត្តយន្តការដោះស្រាយជម្លោះក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីអាស៊ាន-ចិន”។ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ចអាស៊ាន-ចិន សហគ្រិន អ្នកជំនាញច្បាប់ជាន់ខ្ពស់ និងបញ្ញាវន្ត ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការច្បាប់ពាណិជ្ជកម្មអាស៊ាន-ចិន និង លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាផ្លូវច្បាប់ពាណិជ្ជកម្មរវាងចិន និងប្រទេសសមាជិកអាស៊ាន។
បណ្ឌិត តាន់ មុនី្នវណ្ណ បានចូលរួមថ្លែងសុន្ទរកថាទៅកាន់អង្គសិក្ខាសាលាទាំងមូល ដោយបានលើកឡើងអំពី ពាណិជ្ជកម្មទ្វេភាគីនិងទំនាក់ទំនងរវាងកម្ពុជា-ចិន ពាណិជ្ជកម្មទ្វេេភាគីនិងទំនាក់ទំនងរវាងអាស៊ាន-ចិន កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-អាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីយន្តការដោះស្រាយជម្លោះរវាងចិន-អាស៊ាន។
បណ្ឌិត តាន់ មុនី្នវណ្ណ បានផ្ដល់ជាអនុសាសន៍ឲ្យចិន និងអាស៊ាន គួរផ្ដល់ការគាំទ្រទៅវិញទៅមក ក្នុងការបង្កើតវិធីសាស្ត្រចែករំលែកព៍ត័មាន និងសហការគ្នាក្នុងការជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការច្បាប់ពាណិជ្ជកម្មនេះរវាងចិន-អាស៊ាន។