ឧកញ៉ា គិត ស៊ូឡា ទទួលការតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ ថ្មីៗនេះក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានតែងតាំង លោកឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបី​ទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឲ្យក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាក​យីហោ​ត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួម​ជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់​ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញ មួយក្នុង ប្រទេសសិង្ហបុរី លោក ស៊ូឡា ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មី របស់លោកជានាយក គ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើត ឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូល​ក្រុមហ៊ុន​ប្រសើរទ្បើងនៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្ម ជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។