ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិរួមមាន អង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។
នេះបើតាមរយៈកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដែលដឹកនាំដោយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនោះ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។
ក្នុងឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។
លោកបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។
សូមជម្រាបជូនថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូណកម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕