G7 ពិចារណាប្រើទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីជិត ៣០០ពាន់លានដុល្លារ ផ្ដល់ជំនួយដល់អ៊ុយក្រែន

អន្តរជាតិ

ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅថា G7 កំពុងពិចារណាប្រើប្រាស់​ទ្រព្យសម្បត្តិដែលបានបង្កកពីរុស្ស៊ីប្រមាណជិត ៣០០ពាន់លានដុល្លារ មកធ្វើជាទ្រព្យបញ្ចាំ ក្នុងការផ្ដល់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Valdis Dombrovskis សង្ឃឹមថា សហភាពអឺរ៉ុប នឹងឯកភាពលើសំណើមួយនេះ ដ្បិតទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីមួយចំណែកធំ គឺត្រូវបានរក្សាទុកនៅទីនោះ។

ជាមួយគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ក៏បានបង្ហើបដែរថា G7 កំពុងទាមទារ គ្រប់គ្រងការប្រាក់ប្រមាណចន្លោះពី ៣ ទៅ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីទ្រព្យសម្បត្តិបង្កក ដែលកំពុងជាប់គាំងនៅសហភាពអឺរ៉ុប ក្នុងគោលបំណងយកទៅជួយដល់ប្រទេសអ៊ុយក្រែន។

សូមជម្រាបដែរថា សំណើប្រើប្រាស់ទ្រព្យសម្បត្តិបង្កកនេះ គឺត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមិនដែលទទួលបានលទ្ធផលជាដុំកំភួនឡើយ ស្របពេលភាគីរុស្ស៊ីអះអាងថា តែហ៊ានប្រើលុយទាំងនោះជួយអ៊ុយក្រែន នោះលោកខាងលិចប្រៀបបានដូចជាចោរ ដែលលួចលុយរបស់ខ្លួនទៅប្រើប្រាស់អញ្ចឹង៕