អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងថ្នាក់នាំទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជួយចាក់បេតុងជាង៤ពាន់ម៉ែត្រការ៉េ ជូនដល់សាកលវិទ្យាល័យការពារជាតិ។ នេះបើតាមការថ្លែងឱ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។
នៅក្នុងពិធី សម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី បានយល់ព្រមអនុម័តតាមសំណើររបស់សាលាការពារជាតិ ដែលបានស្នើសុំចាក់បេតុង លើផ្ទៃដីចំនួន ៤០៨១ម៉ែត្រការ៉េ។
កិច្ចការងារនេះ សម្ដេចធិបតី បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង នឹងជួយទាំងស្រុងរួមមាន ស៊ីម៉ង់ ដែក សម្ភារៈផ្សេងៗ រួមទាំងជាងផងដែរ សាលាចាំតែទទួលយកសមិទ្ធផលចុះ។
សូមជម្រាបជូនថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានពាណិជ្ជកម្មជាច្រើន ដូចជា ហ្រ្គេន រ៉ូយ៉ាល់ ហ្គោល អែន រីហ្សត ដែលជាក្លឹបវាយកូនហ្គោល, ទីក្រុងរណប ហ្គ្រេន ភ្នំពេញ មានសមត្ថភាពអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលើផ្ទៃដី២៦០ហិកតា, ធនាគារ ជីប ម៉ុង, ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ, ជីប ម៉ុង រីថែល ជាមណ្ឌលលផ្សារទំនើប ជីប ម៉ុង, ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ, ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជាក្រុមហ៊ុន ផលិត ស៊ីម៉ង់ត៍, ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស, ក្រុមហ៊ុន ជីប ម៉ុង លែន, ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ , ជីប ម៉ុង ត្រេឌីង រួមទាំងក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវើរីជីស ផងដែរ៕