គ្រាប់ស្វាយចន្ទីសើមឡើងថ្លៃខ្ពស់នៅក្នុងខែមេសា​ឆ្នាំ២០២៤ដោយសារកត្ដាធំៗចំនួន២

សង្គម​ និង​សេដ្ឋកិច្ច


នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ នៅរៀងរាល់ខែមេសា គ្រាប់ស្វាយចន្ទីសើមរបស់កសិករក្នុងស្រុកលក់មិនដែលបានតម្លៃខ្ពស់ម្តងណានោះទេ ពោលលក់បានតែជាង៣០០០ទៅ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែមេសា ឆ្នាំ២០២៤នេះ គ្រាប់ស្វាយចន្ទីសើមឡើងថ្លៃខ្ពស់រហូតដល់៥០០០រៀលក្នុងមួយគីឡូក្រាម។ គ្រាប់ស្វាយចន្ទីសើមឡើងថ្លៃខ្ពស់ក្នុងខែមេសានេះ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់ឧកញ៉ា ញូស៍ថា គឺដោយសារមានកត្តាធំៗចំនួន២ គឺមានកត្តាខាងក្នុងនិងកត្តាខាងក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាថា តម្លៃគ្រាប់ស្វាយចន្ទីឆៅកើនឡើងតម្លៃមកវិញនៅក្នុងខែមេសានេះ កត្តាទីមួយ,ការធ្លាក់ចុះទិន្នផលស្វាយចន្ទីនៅលើពិភពលោក ព្រោះតែបាតុភូតអែលនីណូ ហើយការធ្លាក់ចុះនេះត្រូវបានគេធ្វើការប៉ាន់ប្រមាណថាការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមនឹងមានការធ្លាក់ចុះ ហើយតម្រូវការនឹងមានការកើនឡើង។ ដូចនេះចង់មិនចង់ឈ្មួញប្រមូលទិញគ្រាប់ស្វាយចន្ទីត្រូវតែតម្លើងថ្លៃឡើងវិញ។
កត្តាទីពីរ,សមាគមស្វាយចន្ទីបានអំពាវនាវដល់សមាជិករបស់ខ្លួនដែលមានលទ្ធភាពឱ្យហាលគ្រាប់ស្វាយចន្ទីទុក មិនឱ្យលក់ប្រជែងជាមួយកសិករដែលគ្មានលទ្ធភាពនៅពេលដែលតម្លៃធ្លាក់ថ្លែចុះមកនៅ៤០០០រៀលក្នុងមួយគីឡូក្រាមកាលពីខែកុម្ភៈ ហើយការអំពាវនាវនេះចាប់ផ្តើមមានប្រសិទ្ធភាព បានធ្វើឱ្យលំហូរគ្រាប់ស្វាយចន្ទីឆៅនៅលើទីផ្សារមានការថយចុះ ជាក់ស្តែងក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានការធ្លាក់ចុះប្រមាណ៣២% ហើយបានបន្តធ្លាក់ចុះថែមទៀតនៅខែមិនា។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា« មកដល់ពេលនេះខ្ញុំគិតថាគ្រាប់ស្វាយចន្ទីឆៅ បាននាំចេញទៅខាងក្រៅអស់៧០ទៅ៨០%ហើយ ដូចនេះតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនឹងកើនឡើងនៅថ្ងៃខាងមុខ ពីព្រោះតម្រូវការនៅតាមរោងចក្រកែច្នៃប្រហែលត្រូវការច្រើន ស្របពេលការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីរបស់អាហ្វ្រិចទៅលើពិភពលោកជួបបញ្ហាការធ្លាក់ចុះទិន្នផលស្វាយចន្ទីដូចទៅនិងកម្ពុជារួមនិងប្រទេសដាំដុះស្វាយចន្ទីផ្សេងទៀតផងដែរ»។

លោកលើកឡើងថា ដំណាំស្វាយចន្ទីនៅតែមានឱកាសទីផ្សារ ហើយដំណាំមួយនេះបានចូលរួមចំណែកបានច្រើនក្នុងការបង្កើតការងារដល់ពលរដ្ឋនៅក្នុងសហគមន៍ ខុសប្លែកពីវិស័យស្រូវអង្ករ ប្រើប្រាស់ម៉ាស៊ីនសឹងតែទំាងអស់ តែដំណាំស្វាយចន្ទីត្រូវការប្រើប្រាស់កម្លាំងមនុស្ស ហើយនៅក្នុងរដូវប្រមូលផលពលករក្នុងស្រុកអាចរកប្រាក់ចំណូលបាន៥ម៉ឺនរៀលទៅ៧ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដូចនេះវិស័យស្វាយចន្ទីគួរតែត្រូវបានជួយជ្រោមជ្រែងនិងយកចិតទុកដាក់ខ្ពស់ទំាងអស់គ្នា៕ តាកែវ