ប្រទេសថៃ កំពុងធ្វើការពិចារណាក្នុងការបង្កើនកញ្ចប់ជំនួយមនុស្សធម៌បន្ថែម ដល់ប្រទេសមីយ៉ាន់ម៉ា ខណ:ពេលដែលទាំងរដ្ឋាភិបាលថៃ និងប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំង អំពីការកើនឡើងនៃអំពើហិង្សា នៅក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់ជំនួយមនុស្សធម៌ ដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយសារជម្លោះផ្ទៃក្នុង ហើយអាចបន្តផ្តល់ការគាំទ្របន្ថែមទៀតប្រសិនបើចាំបាច់។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃក៏នឹងពិចារណាលើដំណោះស្រាយក្នុងការបង្កើនកញ្ចប់ជំនួយមនុស្សធម៌ដោយការសម្របសម្រួលជាមួយអង្គការអន្តរជាតិ និងស៊ីវិលដែលកំពុងធ្វើប្រតិបត្តិការតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ផងដែរ។
គួរឲ្យដឹងផងដែរថា កន្លងមក រដ្ឋាភិបាលថៃ បានផ្តល់កញ្ចប់ជំនួយមនុស្សធម៌មួយចំនួនរួចមកហើយដូចជា អង្ករ អាហារស្ងួត និងសម្ភារប្រើប្រាស់ផ្សេងទៀត ហើយត្រូវបានប្រគល់ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីចែកចាយពលរដ្ឋដែលរស់នៅក្នុងរដ្ឋ Kayin របស់ប្រទេសមីយ៉ាន់ម៉ា។
លោក Nikorndej បានកត់សម្គាល់បន្ថែមទៀតថា នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានបញ្ជាឲ្យបង្កើតគណៈកម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅសប្តាហ៍នេះ។
លោក Nikorndej បានមានប្រសាសន៍ទៀតថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចរចាជាមួយភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយចំពោះជម្លោះដែលកំពុងបន្ត ហើយបានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ប្រទេសថៃសម្រាប់ការសន្ទនា ដើម្បីជួយស្តារសន្តិភាព ស្ថិរភាព និងឯកភាពនៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ៕