រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានបិទបញ្ចប់វិធានការរដ្ឋបាលករណីបុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីលោកឧកញ៉ារូបនេះ ប្រើពេលតែ១៧ថ្ងៃបានកាយថ្មចេញពីផ្ទៃទន្លេរួចរាល់អស់វិញ នៅមុនពេលវិធានការកំណត់ (៧០ថ្ងៃ)។
តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ចាប់ពីថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់ឱ្យម្ចាស់ដីធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានធ្វើការចាត់ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគីម្ចាស់ដីផងដែរ។
ដំណើរការការកកាយថ្មចេញវិញនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។
ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក។ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឱ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។ លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃបាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។
ដូច្នេះ រដ្ឋបាលខេត្តកំពង់ចាម សូមប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឱ្យអាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឱ្យមានសកម្មភាពល្មើសនានាកើតមានទៀតនោះឡើយ៕