ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia នៅថ្ងៃទី២២ ខែមេសានេះ បានប្រកាសអញ្ជើញ ធានា និងចេញលុយឱ្យភ្នាក់ងារលក់ បុរី វិមានសំណាង ដោយជោគជ័យក្នុងឆ្នាំ២០២៤ ទៅលេងសហរដ្ឋអាមេរិក ឬប្រទេសអង់គ្លេស នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃចន្ទនេះ យ៉ាងដូច្នេះថា៖ “ខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក បុរី វិមានសំណាង និងជាប្រធាន KW Cambodia ដែលមានប្រភពមកពីអាមេរិក មានបំណងអញ្ជើញ ធានា ចេញលុយឱ្យ និងដឹកនាំដោយផ្ទាល់ ចំពោះភ្នាក់ងារលក់ ដែលលក់បុរី វិមានសំណាង ដោយជោគជ័យក្នុងឆ្នាំ២០២៤ ចំនួន ១០ ទៅ ២០នាក់ ទៅលេងអាមេរិក និង ១០ ទៅ ២០នាក់ ទៅមើលបាល់ទាត់នៅប្រទេសអង់គ្លេស”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅក្រៅប្រទេសរបស់ភ្នាក់ងារលក់ បុរី វិមានសំណាង ខាងលើនេះ មាន២ជម្រើសគឺ៖
១. ចូលរួមកម្មវិធី KW Mega Camp 2024 នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នា២០២៤ រយៈពេល ១សប្តាហ៍។
២. ទៅមើលបាល់ទាត់នៅកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម Man United និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងខែធ្នូ ឆ្នាំ២០២៤ រយៈពេល ១សប្តាហ៍។
គួររំឭកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានដឹកនាំប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប ទៅចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ដែលមានសមាជិកចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោកផងដែរ៕