ថៃអាចនិយាយបានថាជាប្រទេសមួយដែលមានទីផ្សារទុរេនដ៏ធំមួយនៅអាស៊ី ហើយបើយោងតាម Thai PBS World បានលើកឡើងថា នៅឆ្នាំនេះប្រទេសថៃត្រៀមនឹងនាំចេញទុរេនទៅកាន់ទីផ្សារក្រៅប្រទេសឲ្យបានចំនួនប្រមាណ ១លានតោន ដែលមានតម្លៃខ្ទង់ ៣,៥ពាន់លានដុល្លារ។
សារព័ត៌មាន VN Express បានចុះផ្សាយថា ការដាក់គោលដៅដូច្នេះ គឺស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន ដោយក្រសួងកសិកម្ម និងសហករណ៍ពាក់ព័ន្ធមានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។
បន្ថែមពីលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគុណភាព និងស្ថិរភាពទីផ្សារ ប្រទេសថៃថ្មីៗនេះក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាតម្លៃឲ្យមានស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃទៅកាន់ប្រទេសចិន។
កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ការនាំចេញទុរេន និងផ្លែមង្ឃុតថៃប្រមាណ ២០ ០០០តោន ឬស្មើរនឹងទឹកប្រាក់ប្រមាណ ៨២,៤៤លានដុល្លារទៅកាន់ទីផ្សារចិន ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ផលិតផលទុរេនបានដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ដ្បិតអីវាបានទាញចំណូលចូលសេដ្ឋកិច្ចខ្លួនដល់ទៅចំនួន ១២០ពាន់លានបាតពីការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕