ប្រធានាធិបតី ចូកូ វីដូដូ បាត់បង់សមាសភាពជាសមាជិកគណបក្សធំបំផុតនៅឥណ្ឌូណេស៊ី

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងកូនប្រុស Gilbran Rakabuming Raka ដែលនឹងត្រូវក្លាយជាអនាគតអនុប្រធានាធិបតី បានបាត់បង់សមាសភាពជាសមាជិកគណបក្ស​នយោបាយធំបផុតនៅក្នុងប្រទេស បន្ទាប់ពីរកឃើញថា លោកបានគាំទ្រលោក Prabowo Subianto ដែលជាបេក្ខភាពតំណាងគណបក្សប្រឆាំង និងបានជាប់ឆ្នោតជាអនាគតប្រធានាធិបតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការចាកចេញពីគណបក្សនយោបាយធំបំផុតនៅឥណ្ឌូណេស៊ី របស់លោក ចូកូ បានធ្វើឲ្យមានភាពរង្គោះរង្គើនៅឆាកនយោបាយក្នុងប្រទេស ដោយសារទង្វើរបស់មេដឹកនាំឥណ្ឌូណេស៊ី បង្ហាញពីការក្រាញអំណាច និងចង់គ្រប់គ្រងប្រទេសពីក្រោយខ្នង។

ជាមួយគ្នា លោក Komarudin Watubun ដែលជាប្រធានផ្នែកសីលធម៌នៃគណបក្សប្រជាធិបតេយ្យនៃការតស៊ូ បានអះអាងថា ឪពុកកូន ២រូបនេះ គឺមិនត្រូវបានបណ្ដេញចេញពីបក្សឡើយ តែពួកគេបាត់បង់សមាសភាពជាសមាជិកបក្ស បន្ទាប់ពីពួកគេសម្រេចចិត្ត មិនគាំទ្របេក្ខភាពតំណាងបក្ស លោក Ganjar Pranowo។

រំលឹកបន្តិចថា ដោយសារទទួលបានការគាំទ្រពីលោក ចូកូ វីដូដូ លោក Prabowo ទទួលបានសម្លេងគាំទ្ររហូតដល់ ៥៨% ឈ្នះគូប្រជែងលោក Ganjar ដែលទទួលបានត្រឹម ១៦% សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។

សូមជម្រាបដែរថា លោក Prabowo នឹងធ្វើពិធីសម្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលាខាងមុខ សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ៕