លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបង្ហាញ់ក្តីជឿជាក់ថាវិស័យកីឡាកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ខណៈលោកក៏បានប្ដេជ្ញាចូលរួមចំណែកគាំទ្រ និងជំរុញវិស័យកីឡាកម្ពុជាជាមួយរាជរដ្ឋាភិបាលថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងលោក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ លោក តាង ហ្គោដុន គោរពជម្រាបជូន សម្តេចធិបតី អំពីព្រឹត្តការណ៍គុនចម្រុះអាស៊ី គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ខណៈលើកឡើងពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩។
ជាមួយគ្នានេះ ក៏បានបង្ហាញជំនឿជាក់ថា៖« ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡាកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជាផងដែរ»។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់លោក តាង ហ្គោដុន ក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។ជាមួយគ្ននេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន នឹងត្រៀមខ្លួន សហការក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ជាថ្មីម្តងទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ៕