តុលាការកំពូលរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី២២ ខែមេសាកន្លងទៅនេះ បានកាត់ទោសអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta Platforms លោក Andy Stone ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទល្មើសភេរវកម្ម និងញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម ខណ:ស្រាលក្រមនេះត្រូវធ្វើឡើងដោយកំបាំងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RIA។
ជុំវិញរឿងក្តីនេះ ត្រូវបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២២ មកម្លេះ នៅពេលដែលគណ:កម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើសកម្មភាពខុសច្បាប់របស់បុគ្គលិកក្រុមហ៊ុន Meta ដោយក្នុងនោះ លោក Stone ក៏ត្រូវបានរងចោទប្រកាន់ផងដែរ ចំពោះការលុបចោលការហាមឃាត់ពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យមានអំពើហិង្សាមកលើយោធារុស្ស៊ី នៅលើវេទិការបស់ខ្លួន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទាំងលោក Stone និង Meta មិនទាន់បានធ្វើការឆ្លើយតបជុំវិញការចោទប្រកាន់នេះនោះឡើយ ខណ:បើតាមប្រភពពីសារព័ត៌មាន Interfax បានបង្ហើបថាមេធាវីរបស់ចុងចោទ គឺលោកស្រី Valentina Filippenkova នឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះករណីនេះ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Meta ត្រូវបានចាត់តាំងជាអង្គភាពជ្រុលនិយម នៅក្នុងប្រទេសរុស្ស៊ី ហើយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ រួមមាន Facebook និង Instagram ត្រូវបានហាមឃាត់ទាំងស្រុង នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០២២ មក នៅពេលដែលរុស្ស៊ី បានបើកការឈ្លានពានទៅលើអ៊ុយក្រែន៕