សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអះអាងថា កម្ពុជានឹងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរថែមទៀត។
ជាការឆ្លើយតបវិញ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ខណៈលោកក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានសម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។
សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោង ទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវ មកពីរោងចក្រ ចំនួនពីរកន្លែង ដែលត្រូវផ្គត់ផ្គង់ថាមពលអគ្គិសនីផ្តាច់មុខមកកម្ពុជាតែមួយគត់ ដោយភ្ជាប់ផ្ទាល់ មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា។ គម្រោងវិនិយោគនេះមានទំហំទុនសរុបចំនួន ៤៩៧០លានដុល្លារអាម៉េរិក និងមានអាណត្តិនៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនីរយៈពេល៣០ឆ្នំា។
ការប្រកាសទិញអគ្គីសនីពីប្រទេសឡាវ ដោយសារតែ ការនំាចូលថាមពលអគ្គិសនីពីប្រទេសឡាវ មានលក្ខណៈ អនុគ្រោះ ទាំងថ្លៃ ទំាងបរិមាណ និងលក្ខខណ្ឌទិញលក់ល្អប្រសើរ ហើយមានសុវត្ថិភាពយូរអង្វែង បើធៀបនឹងប្រទេសដទៃ៕ អត្ថបទ៖ រង្សី