អ្នកឧកញ៉ា គិត ម៉េង ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប

ជុំវិញ​ឧកញ៉ា

លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាង​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាន​អញ្ជើញចូលរួមកិច្ចប្រជុំ​ស្នើសុំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​បង្កើត​តំបន់សេដ្ឋកិច្ចថ្មីមួយ​ នៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង ស្ថិតក្នុងខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សា​លើ​សំណើ​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​ក្នុងកិច្ចប្រជុំ​នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយ​លោក​ ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការ​ចូលរួមពី​ក្រុមការងារអគ្គនាយកដ្ឋាន និង​លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

បន្ថែមពីនេះ នៅ​រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ទេព កោសល្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក៏​បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ទៅ​កាន់​ខេត្តសៀមរាប​ ដើម្បី​ជួបប្រជុំជាមួយលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអប្សរា តំណាងមន្ទីរសុរិយោដី​ខេត្ត​សៀមរាប និងក្រុមការងារដែលពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ដើម្បីពិភាក្សា​លើករណីដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងខេត្ត​សៀមរាប។​

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់ពាក់ស្នែង ជាភូមិឋាន​ថ្មី​ដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទី​ប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ ធ្លាប់​បាន​​លើក​ឡើង​ថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងទីតាំងមួយ ដែលស័ក្ដិសម​នឹង​ក្លាយជាទីក្រុងរណប នាពេលអនាគត។

សូមជម្រាបថា កាលដើមខែមេសា ឆ្នាំ២០២៤​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បង្ហើប​ឱ្យដឹង​ផង​ដែរ​ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​កំពុង​ដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬRoyal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា និងតភ្ជាប់ពី តំបន់សេដ្ឋ កិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ហើយ​ក្រុមហ៊ុន​បានចាប់ផ្តើមដំណើរការងារ​ចាក់ដីបំពេញ រួច​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹងត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មី​ក្នុងឆ្នាំ​២០២៤នេះផងដែរ៕