មហាសេដ្ឋី Elon Musk បង្ហើបថាក្រុមហ៊ុន Tesla គ្រោងបញ្ចេញមនុស្សយន្តនាចុងឆ្នាំក្រោយ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃទី២៣ ខែមេសាថា ថ្វីដ្បិតមនុស្សយន្តរបស់ក្រុមហ៊ុនលោកកំពុងស្ថិតនៅក្នុងមន្ទីពិសោធន៍ក៏ពិតមែន តែវានឹងអាចចេញលក់នៅលើទីផ្សារនាចុងឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទលោក Musk បានប្រាប់វិនិយោគិនថា មនុស្សយន្តដែលជាផលិតផលរបស់ Tesla ដែលមានឈ្មោះថា Optimus អាចនឹងបំពេញការងារនៅក្នុងរោងចក្រនាចុងឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត ដោយសំដៅទៅលើសមត្ថភាពបញ្ញាសិប្បនិម្មិត លោក Musk បានបន្ថែមដូច្នេះថា ខ្ញុំគិតថា Tesla គឺជាក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្អបំផុត ដែលអាចឈានទៅដល់បរិមាណនៃការផលិតប្រកបដោយប្រសិទ្ធភាពចំពោះមនុស្សយន្តរបស់ខ្លួនឯង។

គួរជម្រាបផងដែរថា បណ្តាក្រុមហ៊ុនជាច្រើនបាននឹងកំពុងប្រកួតប្រជែងទៅលើវិស័យវិស្វកម្មមនុស្សយន្ត ដ្បិតអីក្នុងគោលបំណងដើម្បីបំពេញកង្វះកម្លាំងពលកម្ម ដែលអាចកើតមានជាយថាហេតុនាពេលអនាគត និងបំពេញការងារបែបធុញទ្រាន់ដដែលៗ ឬជាប្រភេទការងារណាដែលមានហានិភ័យនៅក្នុងឧស្សាហកម្ម តួយ៉ាងភស្តុភារ ឃ្លាំងស្តុកទំនិញ ការលក់រាយ និងការផលិតជាដើម៕