លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានបរិច្ចាគ​ទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុ​កិច្ចការជំនួយ​មនុស្សធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន​ជូនដល់​កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែង​ផ្តល់ជំនួយ​មនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។

លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមាន​ប្រសាសន៍​ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់ការខិតខំប្រឹងប្រែង​ដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាក​បាទក្រហម​កម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”

ដោយមានការចូលរួមអមដំណើរពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់នូវជំនួយសប្បុរសធម៌នេះ ដល់លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទ​ក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះគំនិតផ្តួចផ្តើម​នានារបស់​កាកបាទក្រហមកម្ពុជា ក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់​ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមក​ដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ​២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។

វិភាគទានរបស់លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបំពេញ​បេសកកម្ម​របស់ខ្លួន​ក្នុងការផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងភាពធន់របស់​សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។

លោកជំទាវ ម៉ៅ ចំណាន លើកទឹកចិត្តដល់សប្បុរសជននានា ដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាត ចូលរួមបរិច្ចាគដល់កាកកបាទក្រហមកម្ពុជាដោយផ្ទាល់។ លោកជំទាវមានប្រសាសន៍ថា៖ “បើយើងរួមគ្នា យើងអាចជួយ​ដល់ពិភពលោក​បានយ៉ាងច្រើន”។

កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានា ដើម្បីបង្កើនភាពធន់​របស់​សហគមន៍ និងកាត់បន្ថយការលំបាក់របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដែលរួមមានដូចជា៖ មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។ ដោយ​ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធ​អន្តរជាតិ​នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕