មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Binance ប្រឈមមុខជាប់ពន្ធនាគារ ៣៦ខែ ក្នុងសំណុំរឿងលាងលុយ

អន្តរជាតិ

លោក Changpeng Zhao ស្ថាបនិកក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក Binance អាចនឹងប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគាររយៈពេល ៣៦ខែ បន្ទាប់ពីលោកបានសារភាពថាមានកំហុសចំពោះការបំពានច្បាប់ប្រឆាំងនឹងការលាងលុយ​កខ្វក់​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zhao ដែលត្រូវបានគេរំពឹងថានឹងទទួលការកាត់ទោសនៅថ្ងៃទី៣០ ខែមេសាខាងមុខនោះ បានប្រកាសលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Binance កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលលោកទទួលសារភាពកំហុសចំពោះការបំពានច្បាប់របស់សហរដ្ឋអាមេរិក ស្របពេលក្រុមហ៊ុននេះ ក៏បានយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន ៤,៣២ពាន់លានដុល្លារផងដែរ។

ហើយថ្មីៗនេះ រដ្ឋអាជ្ញាអាមេរិក បានប្រាប់តុលាការក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោនថា ដោយសារទំហំនៃការរំលោភបំពានដោយចេតនាលើច្បាប់របស់សហរដ្ឋអាមេរិក នោះលោក Zhao នឹងត្រូវប្រឈមមុខជាមួយនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៣៦ខែ។

ទន្ទឹមនឹងនេះ អាជ្ញាធរអាមេរិកបាននិយាយទៀតថាការចោទប្រកាន់នេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Binance បានបរាជ័យក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឲ្យសង្ស័យជាង ១០០ ០០០ ករណី ជាមួយក្រុមភេរវករដែលបានកំណត់រួមមាន ក្រុមហាម៉ាស អាល់កៃដា និងISIS។

ជម្រាបជូនផងដែរថា លោក Zhao ដែលត្រូវបានគេស្គាល់ជាទូទៅថា CZ បានយល់ព្រមបង់ប្រាក់ផាកពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារអាមេរិក និងបញ្ឈប់ការជាប់ពាក់ព័ន្ធទាំងស្រុងជាមួយក្រុមហ៊ុន Binance ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០១៧៕