សមាគមឧកញ៉ាកម្ពុជា នឹងបើកសន្និបាតប្រចាំឆ្នាំលើកទី១ របស់ខ្លួននៅវេលាម៉ោង ២រសៀល ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីឈ្នះ-ឈ្នះ ទល់មុខស្ថានីយ៍ទូរទស្សន៍ PNN។
សន្និបាតនេះ ក៏មានអមដោយកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។ កម្មវិធីសន្និបាតនេះ នឹងចាប់ផ្តើមដោយការបើកសុន្ទរកថាស្វាគមន៍ និងបើកសន្និបាតដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។ បន្ទាប់មក នឹងមានរបាយការណ៍ស្តីពីសកម្មភាពសមាគមឧកញ៉ាកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពឆ្នាំ២០២៤ រួមទាំងរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងចំណាប់អារម្មណ៍ នៅក្នុងពិធីបិទសន្និបាត នារសៀលថ្ងៃដដែល។ បន្ទាប់មក កម្មវិធីពិសារអាហារសាមគ្គីនៃមហាគ្រួសារឧកញ៉ាកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឥស្សរជន មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសសរុបប្រមាណ ៦០០នាក់។
គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលពេលនោះមានសមាសភាពក្រុមប្រឹក្សាភិបាលសរុប ចំនួន ៣២រូប និងមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល (ប្រធានសមាគម)។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ តាមរយៈ ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៕