មហាសេដ្ឋីមានបំផុតនៅវៀតណាម គ្រោងចាក់លុយជាងមួយពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅវៀតណាមលោក Pham Nhat Vuong នឹងវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ១ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនផលិតរថយន្ត VinFast ហើយក៏នឹងពិចារណាវិនិយោគទៅក្នុងក្រុមហ៊ុនមួយចំនួនផ្សេងៗទៀត ដែលខ្លួនគ្រប់គ្រងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមេ Vingroup នាថ្ងៃទី២៥ ខែមេសា លោក Pham Nhat Voung ដែលជាប្រធានក្រុមហ៊ុន និងកំពុងកាន់កាប់ភាគហ៊ុន១៨% នៅក្នុងដៃផងដែរនោះបានលើកឡើងថា ខ្លួនអាចពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បើទោះបីជាលោក និងក្រុមហ៊ុនបានចាក់បញ្ចូលទឹកប្រាក់ដល់ទៅ ១១,៤ពាន់លានដុល្លារកាលពីចុងឆ្នាំមុនទៅហើយក្តី។

ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា៖ ខ្ញុំមានគម្រោងយកលុយពីហោប៉ៅផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារទៅវិនិយោគនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ។ មួយវិញទៀត ទីផ្សារថយន្តអគ្គិសនីនឹងមានសន្ទុះកើនឡើង ហើយខ្ញុំនឹងមិនទម្លាក់ដៃចំពោះក្រុមហ៊ុន VinFast នោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមមួយនេះ បានលក់រថយន្តរបស់ខ្លួនដល់ទៅចំនួនជាង ៣៥ ០០០គ្រឿង ខណៈក្នុងនោះជាង៧០% នៃរថយន្តដែលលក់ត្រូវបានគេប្រើប្រាស់ សម្រាប់ជាតាក់ស៊ីដឹកអ្នកដំណើរ៕