ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៣ ក្រោមទុនជាង១៨លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន ៣គម្រោង ត្រូវបានអនុម័តឱ្យបោះទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទំហំទឹកប្រាក់ជាង១៨លានដុល្លារ។នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគទាំង៣នេះ ត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ០៣គម្រោងត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមាន៖

១, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ពីដែក និងប្លាស្ទិក)របស់ក្រុមហ៊ុនLY Tools(Cambodia) Co,. Ltd.។

២, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើងពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia)Technology Co,. Ltd.។

និង៣, គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុនEKT Carton Pack Co,. Ltd.។

រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ដែលគម្រោងវិនិយោគទាំង ៣ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ១៨.៥៧៧.២៦៧ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួន ១០០ កន្លែងផងដែរ។

សូមបញ្ជាក់ថាផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានស្ថិតក្នុងចំណោមខេត្តដែលមានគម្រោងវិនិយោគរោងចក្រច្រើនជាងគេ។ហើយគម្រោងវិនិយោគមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ រួមមានខេត្តកណ្តាល ខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុជាដើម៕