ប្តីប្រពន្ធសេដ្ឋីអចលទ្រព្យឥណ្ឌា បោះចោលទ្រព្យសម្បត្តិរាប់លានដុល្លារ ចេញសាងផ្នួសជាសង្ឃ

អន្តរជាតិ

សារព័ត៌មាន VN Express បានចុះផ្សាយថា អតីតសេដ្ឋីអចលនទ្រព្យឥណ្ឌាលោក Bhavesh Bhandari និងភរិយាដែលមានឈ្មោះថា Jinal បានលះបង់ទ្រព្យសម្បត្តិខ្ទង់ ២៣,៦លានដុល្លារដើម្បីចាប់ផ្តើមលើវិថីជីវិតថ្មី ចេញសាងផ្នួសជាព្រះសង្ឃសាសនាជេន (Jainism) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីដើមខែមេសានេះកាសែត The Mirror ក៏បានរាយការណ៍ថា នៅក្នុងរដ្ឋ Gujarat ដែលជារដ្ឋកំណើតរបស់លោក Bhavesh និងលោកស្រី Jinal បានធ្វើការរៀបចំពិធីមួយ ដោយអ្នកទាំងពីរបានចែកទ្រព្យសម្បត្តិទាំងអស់ ទៅកាន់ហ្វូងមនុស្សទាំងឡាយដែលបានចូលរួម ខណៈរបស់ទាំងអស់នោះ ត្រូវបានគេកត់សំគាល់ឃើញថាជាសម្លៀកបំពាក់ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ និងលុយកាក់ជាដើម។

ការសម្រេចចិត្តយ៉ាងដូច្នេះ ក៏អាចដោយសារតែមានការជំរុញលើកទឹកចិត្តពីកូនៗរបស់អ្នកទាំងពីរ ដ្បិតអីកូនម្នាក់អាយុ ១៩ឆ្នាំ​និងម្នាក់ទៀតអាយុ ១៦ឆ្នាំទើបតែចូលបួសកាលពីក្នុងឆ្នាំ២០២២ ខណៈឥឡូវលោក Bhavesh និងលោកស្រី Jinal កំពុងតែត្រៀមខ្លួនចាប់ផ្តើមនូវជីវិតថ្មី ក្នុងនាមជាសង្ឃសាសនាជេន ។

គួរបញ្ជាក់ផងដែរថា ជីវិតជាព្រះសង្ឃសាសនាជេន ត្រូវគោរពវិន័យប្រតិបត្តិដោយការដើរដោយជើងទទេរ កាន់តែចានមួយ អំបោសមួយ ហើយគ្រងសម្លៀកបំពាក់ជាអ្នកបួស និងទទួលទានផ្លែឈើជាអាហារដែលបានមកពីសាសនិក។ លើសពីនោះ បើយោងតាមជំរឿនឆ្នាំ២០១១ របស់ The New Indian Express បានរាយការណ៍ថា នៅក្នុងប្រទេសឥណ្ឌាមានអ្នកកាន់សាសនាជេនជិត ៤,៥លាននាក់ដែលស្មើនឹង០,៤% នៃចំនួនប្រជាជនសរុបរបស់ប្រទេស៕