អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី «ច្បាប់សភាពាណិជ្ជកម្ម» ដែលបានព្រាងតាំងពីឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ក៏មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ា ដែលជាប្រធាន សមាជិក សមាជិកានៃគណៈកម្មការពិគ្រោះយោបល់ស្តីពីការតាក់តែងសេចក្តីព្រាងច្បាប់សភាពាណិជ្ជកម្ម និងវត្តមានប្រធាន និងអនុប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៧ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការពិគ្រោះយោបល់ជាច្រើនរូបផងដែរ។
តាមការបញ្ជាក់ពីសភាពាណិជ្ជកម្មកម្ពុជា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងទទួលយកការផ្តល់យោបល់ ពីវត្តមាននៃអង្គប្រជុំ ធ្វើយ៉ាងណាឱ្យច្បាប់សភាពាណិជ្ជកម្ម ដែលបានព្រាងតាំងពីឆ្នាំ២០១៧ និងរហូតមកដល់ពេលនេះ ឱ្យមានខ្លឹមសារ និងមានចរឹកលក្ខណៈស៊ីគ្នាទៅនឹងបរិបទសង្គមបច្ចុប្បន្ន ហើយជាពិសេស ផ្តល់ប្រយោជន៍ដល់វិស័យឯកជនទូទាំងប្រទេស និងជាដៃគូស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ជាមួយក្រសួងពាក់ព័ន្ធ នៃរដ្ឋាភិបាលបច្ចុប្បន្ន។
ជាលទ្ធផលនៃការរៀបចំកិច្ចប្រជុំនេះ គឺទទួលធាតុចូល អនុសាសន៍ និងយោបល់នានា ពីអង្គប្រជុំ ដើម្បីត្រៀមប្រជុំផ្តល់យោបល់សម្រេចរួមពីសភាពាណិជ្ជកម្ម ជូនក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នអាណាព្យាបាល នាពេលខាងមុខ។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងដោយច្បាប់ក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។ ដោយមានអាយុកាលជិត ៣០ឆ្នាំមកហើយ បទប្បញ្ញត្តិមួយចំនួន ទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន ដូច្នេះទើបចាំបាច់រៀបចំសេចក្តីព្រាងច្បាប់ សភាពាណិជ្ជកម្ម (ថ្មី) នេះឡើង៕