សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ខណៈសម្តេច ក៏បានជំរុញឱ្យដាក់បញ្ចូលវិស័យវប្បធម៌ទៅក្នុងសាកលភាវូបនីយកម្ម គឺផ្តល់ផលវិជ្ជមាន និងឱកាសដល់កម្ពុជា។
នេះបើយោងតាមប្រសាសន៍របស់សម្តេច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន ២.១៣៣ គ្រឿងជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា ការដាក់បញ្ចូលវិស័យវប្បធម៌ទៅក្នុងសាកលភាវូបនីយកម្ម បានផ្តល់ផលវិជ្ជមាន និងឱកាសដល់កម្ពុជា ក្នុងនោះ មានផលវិជ្ជមានធំៗចំនួន២ ដែលកម្ពុជា នឹងទទួលបាន គឺ៖
១. ការបង្ហាញនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌របស់ខ្មែរលើឆាកអន្តរជាតិ តាមរយៈការសម្តែងសិល្បៈ ការដាក់តាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការបង្កើតព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសជាមិត្ត ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយវប្បធម៌ និង ២. ការពង្រីកឧស្សាហកម្មក្នុងវិស័យវប្បធម៌របស់កម្ពុជាតាមរយៈទីផ្សាទេសចរណ៍ និងផ្តល់លទ្ធភាពដល់សិប្បករចម្លាក់ គំនូរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗក្នុងការបង្ហាញនូវផលិតផលសម្បូរបែបឱ្យមានវត្តមាននៅលើឆាកអន្តរជាតិ ។
យ៉ាងណាមិញ សម្តេចធិបតី បញ្ជាក់ថា សាកលភាវូបនីយកម្ម បានធ្វើឱ្យខ្សែបន្ទាត់បែងចែករវាងវប្បធម៌របស់ប្រទេសនីមួយៗមានភាពស្រពិចស្រពិលដោយការគ្រប់ដណ្តប់នៃឥទ្ធិពលវប្បធម៌សាកល ដែលបានជ្រៀតចូលតាមរយៈសម្ភារ វប្បធម៌ តូរ្យតន្ត្រី ។ល។ មកលើប្រជាជន ជាពិសេសក្នុងស្រទាប់យុវវ័យពីមួយជំនាន់ទៅមួយជំនាន់ ដែលអាចបង្កជាហានិភ័យដល់វប្បធម៌ ប្រពៃណីតាមបណ្តាប្រទេសទាំងនោះក្នុងរយៈពេលវែង។
ក្នុងន័យនេះ សម្តេចធិបតី យល់ថា ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ប្រកបដោយភាពបត់បែនស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយកចំណេះដឹងច្រើនជំនាន់រៀងទៅ៕