សារព័ត៌មាន CNA បានចុះផ្សាយថា ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Benzos នឹងវិនិយោគទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារនៅក្នុងរដ្ឋ Indiana ទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងបានសន្យាថានឹងមានការងារជូនដល់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០០០កន្លែងផងដែរ។
សេចក្តីប្រកាសដោយ Amazon Web Services កាលពីថ្ងៃទី២៥ ខែមេសាបានលើកឡើងយ៉ាងដូច្នេះថា គ្រឿងបរិក្ខារថ្មីៗ រួមទាំងឧបករណ៍ និងកុំព្យូទ័រផ្សេងៗនឹងត្រូវបានគេសាងសង់ ឬតម្លើងនៅឯ St Joseph County ឈាងខាងជើងនៃរដ្ឋ Indiana ខណៈដែលវានឹងធ្វើឲ្យក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេតមួយនេះ កាន់តែមានភាពរឹងមាំនៅក្នុងរដ្ឋ Indiana ។
ជាមួយគ្នាលោក Eric Holcomb ដែលជាអភិបាលរដ្ឋបានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន តាមរយៈសេចក្តីថ្លែងការណ៍មួយថា៖ “ក្រុមហ៊ុន Amazon គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងរដ្ឋ Indiana ជាយូរណាស់មកហើយ មួយវិញទៀតខ្ញុំមានអារម្មណ៍រំភើបរីករាយណាស់ ក្នុងការស្វាគមន៍ AWS ”។
ជម្រាបផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាននឹងកំពុងប្រកួតប្រជែងបង្កើតមជ្ឈមណ្ឌលដើម្បីផ្តល់ថាមពល និងផ្ទុកទិន្នន័យដល់កម្មវិធីដូចជា ChatGPT និង Open AI ជាដើម ខណៈពួកគេព្យាយាមប្រឹងប្រែងទាញយកប្រយោជន៍ពីអ្វី ដែលគេរំពឹងថាជាកត្តាជំរុញដ៏សំខាន់នៅក្នុងកំណើនសម័យឧស្សាហកម្ម 4.0 ៕