នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាស្វាគមន៍ និងប្រកាសបើកសន្និបាត លើកទី១ ឆ្នាំ២០២៣ របស់សមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា ដែលជាសមាជិក សមាជិកា ចំនួន ៣០០រូប នៅសណ្ឋាគារ ហ្គាដិនស៊ីធី។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ដែលបានអញ្ជើញចូលរួមសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ ក្រោមបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាល។
អ្នកឧកញ៉ា ប្រធានសមាគម បានថ្លែងថា តាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមឧកញ៉ាកម្ពុជា បានកំណត់ថា ការរៀបចំធ្វើសន្និបាត គឺត្រូវធ្វើជារៀងរាល់ឆ្នាំ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ដើម្បីរាយការណ៍ពីសកម្មភាពសមាគម ជូនសមាជិកទាំងអស់ ស្តីពីលទ្ធផលសកម្មភាពឆ្នាំចាស់ និងទិសដៅផែនការសកម្មភាព ឆ្នាំថ្មីរបស់សមាគមឧកញ៉ាកម្ពុជា។ ដោយឡែកឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល បានសម្រេចពន្យាពេលរហូតដល់ខែមេសានេះ ពីព្រោះថានេះជាឆ្នាំដំបូង ដែលសមាគមត្រូវរៀបចំសន្និបាត ដូច្នេះការរកពេលវេលាសមស្រប គឺជារឿងចំបាច់។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសសកម្មភាពសង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា៕