តម្លៃប្រាក់យ៉េនជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយ:ពេលជាង ៣ ទសវត្សចុងក្រោយ បើយកទៅធៀបទៅនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីធនាគារកណ្តាលជប៉ុន បានប្រកាសបន្តរក្សាកម្រិតអត្រាការប្រាក់ឲ្យនៅថេរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រោយការប្រកាសរបស់ធនាគារកណ្តាលជប៉ុន ត្រឹមតែរយ:ពេលប៉ុន្មាននាទីប៉ុណ្ណោះ តម្លៃប្រាក់យ៉េនជប៉ុន បានធ្លាក់ចុះ ០,៣% ភ្លាមៗ មកនៅត្រឹម ១៥៦,១ យ៉េន ក្នុងមួយដុល្លារ ពោលគឺជាកម្រិតទាបបំផុតមិនធ្លាប់ រាប់ចាប់តាំងពីឆ្នាំ១៩៩០ មក។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយថា លោកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការផ្លាស់ប្តូររូបិយប័ណ្ណ ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតប។
ទន្ទឹមនឹងនេះ លោក Rodrigo Catril អ្នកយុទ្ធសាស្រ្តរបស់ធនាគារជាតិអូស្ត្រាលី បាននិយាយថា ធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណនេះ គឺជារឿងដ៏គួរឲ្យខកចិត្តបំផុតមួយ ដោយសារកង្វះការណែនាំពីធនាគារ ។
លោក Rodrigo ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា គោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន ហាក់មានភាពធូររលុងពេកហើយ ហេតុដូច្នេះហើយទើបបានជារូបិយប័ណ្ណរបស់ពួកគេធ្លាក់ចុះដូច្នេះ ។
“ធនាគារមានលទ្ធភាពក្នុងការធ្វើអ្វីមួយអំពីរឿងនោះ ដោយការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ហើយប្រសិនបើពួកគេនឹងមិនផ្លាស់ប្តូរគោលនយោបាយណាមួយទេនោះ យើងមិនរំពឹងថាប្រាក់យ៉េនអាចនឹងមានកើនឡើងតម្លៃវិញនោះឡើយ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Rodrigo ៕