សម្ដេចតេជោ ហ៊ុន សែន៖ អ្នកឧកញ៉ា ឧកញ៉ា កំពុងដើរតួនាទីពីរយ៉ាងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្ដិយសសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន អ្នកឧកញ៉ា ឧកញ៉ា បាននឹងកំពុងដើរតួនាទីពីរយ៉ាង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺ ទុនវិនិយោគ និងការផ្ដល់ កន្លែងការងារ រាប់សែនកន្លែងជូនដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតប្រចាំឆ្នាំលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងអាណត្ដិនៃរាជរដ្ឋាភិបាលថ្មី ក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដែលមានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលទាំងអស់នេះ អស់លោក (អ្នកឧកញ៉ា ឧកញ៉ា) បានដើរតួនាទីពីរសំខាន់ សម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈតាមតួនាទីខ្លួន។

សម្ដេចតេជោ បានបញ្ជាក់ថា សេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ មួយផ្នែកធំ ត្រូវបានជំរុញដោយអ្នក ដែលមានទុន វិនិយោគ។ ទីពីរ គឺការបង្កើតការងារ ផ្ដល់ឱកាសការងាររាប់សែនកន្លែង នៅតាមបណ្ដារក្រុមហ៊ុន រោងចក្រ សហគ្រាស កសិដ្ឋាន កសិកម្ម និងផ្នែកដទៃទៀត ដោយប្រជាពលរដ្ឋជាអ្នកដែលទទួលបានប្រាក់ខែ ប្រាក់ចំណូលផ្ទាល់ពីសំណាក់ ក្រុមហ៊ុន អ្នកឧកញ៉ា និងឧកញ៉ា ហើយបើទោះបីជាអ្នកវិនិយោគទាំងអស់នោះ មិនទាន់ជាសមាជិកសមាគម ឧកញ៉ា កម្ពុជាក្ដី។

សម្ដេចតេជោ បង្ហាញអារម្មណ៍សប្បាយចិត្ដ និងមោទនភាពថា ការងាររាប់សែន ដែលទទួលបានពីបណ្ដារក្រុមហ៊ុន របស់អ្នកឧកញ៉ា ឧកញ៉ា មិនត្រឹមតែផ្ដល់ផលបុគ្គលផ្ទាល់ខ្លួននោះទេ ប៉ុន្ដែបានផលដល់គ្រួសាររបស់គេ រាប់លាននាក់ទៀត ដែលចំណុចនេះ ជាអ្វីដែលសម្ដេចតេជោ មានមោទនភាពខ្លាំងបំផុត៕