ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបន្តរីកលូតលាស់ពីសមាជិកត្រឹម ៣២រូប រហូតបច្ចុប្បន្នដល់ ៣៦៥រូប

ជុំវិញ​ឧកញ៉ា

លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន​វាយតម្លៃខ្ពស់​ចំពោះ​សមាគម​ឧកញ៉ាកម្ពុជា ដែលបានបន្ត​រីកលូតលាស់​ជា​លំដាប់ ​ផ្តើម​ចេញ​ពី​សមាជិក​ត្រឹម ៣២រូប កាល​បង្កើត​ដំបូង​នៅ​ចុង​ឆ្នាំ២០២២ រហូត​ដល់​បច្ចុប្បន្ន​មាន​សមាជិក​សរុប​ដល់ ៣៦៥រូប និង​ជាពិសេស​សម្រេចបាន​សមិទ្ធផល​ជា​ច្រើន​ជូន​សង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុង​ឱកាស​អញ្ជើញ​​ក្នុងនាម​ជា​តំណាង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​កម្មវិធី​បិទសន្និបាត​ លើកទី១ ឆ្នាំ២០២៣ និង​ទិសដៅ​ផែនការ​ ឆ្នាំ២០២៤ របស់​សមាគមឧកញ៉ាកម្ពុជា នា​ល្ងាច​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤​នេះ លោក​ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ​​​​បាន​មាន​ប្រសាសន៍​ថា ការរៀបចំ​កម្មវិធី​នេះ និង​សន្និបាត​លើកទី១​នេះ ជា​បង្គោលចរ​សំខាន់មួយ ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាពគួរ​ជា​ទីមោទននៃការកសាង និង​ចងក្រង​សហគមន័​ឧកញ៉ា ឱ្យក្លាយជាសសរស្តម្ភ​សំខាន់មួយ ក្នុងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

“ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការ​អបអរសាទរ និងការ​វាយតម្លៃខ្ពស់​ជូនចំពោះ​សមាគមឧកញ៉ាកម្ពុជា ដែលបាន​បន្ត​រីកលូតលាស់​ជា​លំដាប់ ដោយផ្តើម​ពី​សមាជិក​ត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹម​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និង​ជាពិសេស​បាន​សម្រេច​នូវ​សមិទ្ធផលជាច្រើន​ជូន​សង្គមជាតិ តាមរយៈការ​សហការ​ជាមួយរាជ​រដ្ឋាភិបាល ក្នុងការលើកកម្ពស់​កិត្យានុភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការចូលរួម​ក្នុងការងារ​សង្គមនានា”។ លោក​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​បន្ថែម។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង​ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជី​ត្រឹមត្រូវ​នៅក្រសួងមហាផ្ទៃ និង​ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័ន​តែមួយគត់ តំណាងឱ្យ​គោរមវន្ត​ទាំងអស់​នៅកម្ពុជា និងជាដៃគូ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាព​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស​សកម្មភាព​សង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារ​ឧកញ៉ាកម្ពុជា៕