សៀវភៅ «មាគ៌ាបញ្ញវន្ត» បានសម្ពោធដាក់លក់ជាផ្លូវការនៅលើទឹកដីអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

«មាគ៌ាបញ្ញវន្ត» រៀបរៀងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ហៅកាត់ YVSD និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានសម្ពោធដាក់លក់ជាផ្លូវការនារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ អ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាគ្មិនជាគណៈអធិបតីចំនួន២អង្គ/នាក់បាននិមន្តអញ្ជើញក្នុងកម្មវិធីសម្ពោធសៀវភៅនេះ គឺសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាតួអង្គសំខាន់ក្នុងសៀវភៅ «មាគ៌ាបញ្ញវន្ត» នេះតែម្តង។

សៀវភៅ «មាគ៌ាបញ្ញវន្ត» ដែលមានកម្រាស់១៦៦ទំព័រ ទំហំ១៤.៨x២១សង់ទីម៉ែត្រ កើតចេញពីសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំខ្លួនដើម្បីឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដោយមានវាគ្មិន៣អង្គ/នាក់ គឺសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ដែលព្រះអង្គចែករំលែកលើប្រធានបទ «តើអ្វីជាបញ្ញវន្ត?», អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកលើប្រធានបទ «តម្លៃបញ្ញវន្តនៅក្នុងសង្គមខ្មែរ» និងឯកឧត្តម ហ្សង់-ហ្វ្រង់ស័្វរ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ ចែករំលែកលើប្រធានបទ «បញ្ញវន្តនិងនយោបាយ»។ ដោយមើលឃើញតម្លៃខ្លឹមសារចែករំលែករបស់បញ្ញវន្តខ្មែរប្រកបដោយគតិបណ្ឌិតនិងមានពុទ្ធិអប់រំខ្ពស់ស័ក្តិសមជាមាគ៌ាបំភ្លឺផ្លូវដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ គ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានខ្នះខ្នែងជ្រោមជ្រែងលើបច្ចេកទេសបោះពុម្ពផ្សាយ។ បែបនេះហើយ ទើបវណ្ណកម្មក្រោមចំណងជើងថា «មាគ៌ាបញ្ញវន្ត» នេះ ចាប់បដិសន្ធិឡើង។ ម៉្លោះហើយ ដើម្បីកាន់តែជ្រាបច្បាស់ថា តើខ្លឹមសារក្រោមប្រធានបទខាងលើមានលក្ខណៈបែបណា ប្រិយមិត្តអ្នកអានអាចជ្រើសរើសស្នាដៃនេះ ដែលគ្រោងនឹងចែកផ្សាយទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងតម្លៃលក់លើទីផ្សារត្រឹមតែ២៨ ៧០០រៀល ឬ៧ដុល្លារអាម៉េរិកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ស្នាដៃនេះគឺជាប្រភពឯកសារល្អមួយសម្រាប់សិស្ស និស្សិត បព្វជិត និងមហាជនទូទៅ ដែលមានជំនក់ចិត្តលើការអាននិងស្វែងយល់បន្ថែមទាក់ទងនឹងបញ្ញវន្តភាព។

គួរបញ្ជាក់ផងដែរថា ក្រោយចប់ពិធីសម្ពោធលើទឹកដីអង្គរ ស្នាដៃនេះបានចរាចរលើទីផ្សាសៀវភៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ថវិកាដែលទទួលបានពីការលក់ស្នាដៃនេះនិងគ្រប់ស្នាដៃទាំងអស់របស់គ្រឹះស្ថាននឹងត្រូវដាក់ចូលក្នុងមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់គម្រោងជួយសហគមន៍ទាំង៤គម្រោង ដែលមូលនិធិកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ៕