ត្រីមាសទីមួយ GDP របស់ទីក្រុងហុងកុងរំពឹងនឹងមានកំណើនចន្លោះ២,៥% ទៅ៣,៥%

អន្តរជាតិ

នៅត្រីមាសដំបូងឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងហុងកុង ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី២,៥% ទៅ៣,៥% ខណៈដែលវានឹងនៅតែរក្សាបាននូវកំណើនកម្រិតមធ្យមរយៈពេល ៥ត្រីមាសជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយថា កាលពីថ្ងៃទី២៨ ខែមេសា លេខាធិការហិរញ្ញវត្ថុលោក Paul Chan បាននិយាយថា GDP សម្រាប់ខែមករាដល់ខែមីនា ដែលនឹងត្រូវប្រកាសឲ្យសាធារណៈជនដឹងជាផ្លូវការនាថ្ងៃព្រហស្បតិ៍ខាងមុខ រំពឹងថានឹងស្ថិតនៅចន្លោះនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ។

ការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោក Chan កាលពីខែកុម្ភៈធ្លាប់បានព្យាករណ៍ពីកំណើនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះពីចំនួន២,៥% ទៅចំនួន៣,៥% បន្ទាប់ពីមើលឃើញនូវកំណើន៣,២% កាលពីក្នុងឆ្នាំ២០២៣ ។

លេខាធិការហិរញ្ញវត្ថុលោក Chan បានលើកឡើងដែរថា នៅពេលទីក្រុងហុងកុងស្វែងរកទិសដៅថ្មីដើម្បីបង្កើនកំណើន GDP បន្ថែមទៀត ព្រឹត្តិការណ៍ធំៗមួយចំនួនដូចជាការបាញ់កាំជ្រួច ដើម្បីទាក់ទាញភ្ញៀវទេសចរជាដើមនឹងត្រូវធ្វើឡើង ខណៈពេលដែលលោកបានដាក់ក្តីរំពឹងទៀតថា ភ្ញៀវទេសចរប្រមាណ ៨០០ ០០០នាក់នឹងមកកម្សាន្តចំថ្ងៃទិវាពលកម្ម ដែលជាថ្ងៃឈប់សម្រាករបស់ប្រជាជនចិន៕