អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការក្រុងសេអ៊ូល កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ

Uncategorized សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) បានចេញដំណើរទៅកាន់ពន្ធនាគារនៅថ្ងៃចន្ទនេះ បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំពីបទពុករលួយ និងបិទការប្តឹងឧទ្ធរណ៍ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ជាលើកដំបូងពីបទកឹបកេងប្រាក់ និងទទួលសំណូកនៅចុងឆ្នាំ២០១៨ ហើយត្រូវជាប់ពន្ធនាគារតាំងពីពេលនោះ ក្រោយមកសាលាឧទ្ធរណ៍បានបង្កើនទម្ងន់ទោសរហូតដល់ ១៧ឆ្នាំ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំការប្តឹងបន្តទៅកាន់តុលាការកំពូល។ តុលាការកំពូលបានសម្រេចកាត់ទោសលោក Lee ឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទកឹបកេងប្រាក់ចំនួន ២៥.២ពាន់លានវ៉ុន (ប្រហែលជា ២២លានដុល្លារ) និងទទួលយកសំណូកសរុបចំនួន ៩.៤ពាន់លានវ៉ុន។ បន្ថែមពីលើនេះ លោក Lee ក៏ត្រូវរងការពិន័យជាប្រាក់ ១៣ពាន់លានវ៉ុន ក៏ដូចជាការដកហូតទ្រព្យសម្បត្តិចំនួន ៥.៧ពាន់លានវ៉ុនផងដែរ។

គួរដឹងដេឹរថា លោក Lee ធ្លាប់បានដឹកនាំប្រទេសកូរ៉េខាងត្បូង ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោក នៅចន្លោះឆ្នាំ២០០៨-២០០៩ និងឈ្នះការដេញថ្លៃកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ប៉ុន្តែលោកត្រូវបានគណបក្សប្រឆាំងរិះគន់ថា លោកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថាប័នប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។