ទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ ការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ។
នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា។
នៅក្នុងជំនួបនោះ លោកស្រី ÜLKÜ KOCAEFE បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់។ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។លោកស្រី បន្តថា ជាពិសេសទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជន និងប្រជាជន ។
ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថាការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថិររភាព កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ទន្ទឹមគ្នានោះ សម្តេចជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។
ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕