មន្ត្រីជំនាញចង់ឃើញសិស្សវិទ្យាល័យក្នុងស្រុក៣ នៃខេត្តតាកែវចាប់យកអាហារូបករណ៍ជំនាញវារីវប្បកម្មពីសាកលវិទ្យាល័យល្បីនៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជំនាញនៃនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តដល់សិស្សដែលកំពុងរៀនថ្នាក់ទី១២នៅវិទ្យាល័យស្ថិតនៅក្នុងស្រុកទ្រំាង ស្រុកបូរីជលសារ និងស្រុកកោះអណ្តែតក្នុងខេត្តតាកែវ ឱ្យត្រៀមខ្លួនឱ្យបានល្អ ទំាងភាសាចិន និងអង់គ្លេស ដើម្បីប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ វារីវប្បកម្ម ពីសាកលវិទ្យាល័យ Shanghai OCean ដែលកំពុងល្បី និងស្តង់ដារខ្ពស់ នៅប្រទេសចិននាពេលលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសផ្សព្វផ្សាយអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវារីវប្បកម្មរបស់សាកលវទ្យាល័យ Shanghai OCeanប្រទេសចិនជូនដល់សិស្សនៅវិទ្យាលហ៊ុនសែនពោធិ៍អំពិលស្ថិតនៅក្នុងស្រុកទ្រំាងខេត្តតាកែវកាលថ្មីៗនេះ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល បានសង្កត់ធ្ងន់ថា បើសិនប្អូនៗចាប់បានឱកាសអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យដែលល្បីនៅក្នុងប្រទេសចិនមួយនេះ វាសនារបស់ប្អូននឹងល្អប្រសើរ ហើយតាមរយៈអាហារូបករណ៍មួយនេះ ក្រៅពីជួយខ្លួនឯងនិងក្រុមគ្រួសារ វាបានចូលរួមលើកកម្ពស់មុខមាត់ទៅដល់សាលារបស់ប្អូន និងប្រទេសជាតិផងដែរ ខណៈវិស័យវារីវប្បកម្មនៅប្រទេសជិតខាងកម្ពុជា មានការរីកចម្រើនគេនៅតែចង់បានឱ្យពលរដ្ឋរបស់គេប្រឡងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនថែមទៀត។

លោក កែវ អ៊ាម នាយករងវិទ្យាល័យហ៊ុនសែនពោធិ៍អំពិលបានលើកឡើងថា មុខជំនាញវារីវប្បកម្ម សព្វថ្ងៃមានសារសំខាន់ណាស់ ហើយបើសិនគាត់(សិស្ស)បានប្រឡងជាប់អាហារូបករណ៍នេះ គាត់អាចចាប់យកអាជីពមួយនេះបង្កើតជាមុខរបរសម្រាប់គ្រួសារហើយ និងអាចលក់ដូរខ្លះបានថែមទៀតផង។

លោកលើកឡើង កន្លងមកសាលាមិនធ្លាប់ទទួលបានសាកលវិទ្យាល័យនៅខាងក្រៅប្រទេសមកផ្សព្វផ្សាយអាហារូបករណ៍ដល់ប្អូនៗបានយល់ដឹងបែបនេះ ទើបតែលើកនេះទេមានសាកលវិទ្យាល័យ Shanghai Ocean  ប្រទេសចិនមកផ្សព្វផ្សាយ ហើយក្នុងនាមជាគ្រូម្នាក់នៅទីនេះជំរុញឱ្យប្អូនៗខិតខំសិក្សាភាសាអង់គ្លេស ពិសេសភាសាចិន ដើម្បីអាចនៅសិក្សានៅក្រៅប្រទេសបាន។

បើតាមលោក ថាយ សុមុនី សាកលវិទ្យាល័យ Shanghai Ocean  នឹងនាយកដ្ឋានវារីប្បកម្ម ត្រៀមរៀបចំជាមជ្ឈមណ្ឌលឬជាកន្លែងបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីការចិញ្ចឹមត្រី បង្កងក្នុងស្រែនៅក្នុងស្រុកទ្រំាងខេត្តតាកែវដើម្បីឱ្យកសិករក្នុងតំបន់អាចមកស្វែងយល់ ក៏ដូចជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ Shanghai Ocean  អាចមកស្នាក់នៅ រៀនសូត្រនិងសិក្សាស្រាវជ្រាវជាមួយកសិករបានផងដែរ៕ តាកែវ