ស្ងាត់ៗ មហាសេដ្ឋី Elon Musk ទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលមួយ

អន្តរជាតិ

មហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិករបស់ក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានទៅដល់ទីក្រុងប៉េកាំង នៅក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិលើរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក Musk ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ផងដែរ ដោយមហាសេដ្ឋីអាមេរិករូបនេះ បានបង្ហាញថាក្រុមហ៊ុន Tesla របស់លោក មានឆន្ទ:ក្នុងការសហការយ៉ាងស៊ីជម្រៅបន្ថែមទៀតជាមួយប្រទេសចិន ដើម្បីអាចសម្រេចបាននូវលទ្ធផល ឈ្នះ-ឈ្នះ កាន់តែច្រើន។

ទន្ទឹមនឹងនេះ ដើម្បីជាការឆ្លើយតប លោក Li បានប្រាប់ទៅកាន់លោក Musk វិញថា ទីផ្សារចិននឹងតែងតែបើកចំហជានិច្ចចំពោះក្រុមហ៊ុនបរទេសដែលបានចូលមកធ្វើប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួន ។

ជម្រាបជូនផងដែរថា បើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ CCTV បានឲ្យដឹងថា នៅថ្ងៃដដែលនោះ លោក Musk ក៏បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សារដ្ឋចិនដែលទទួលបន្ទុកលើការជំរុញពាណិជ្ជកម្មអន្តរជាតិ លោក Ren Hongbin ផងដែរ ដើម្បីនិយាយអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងប្រធានបទផ្សេងទៀត៕