ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងរៀបចំបញ្ឈប់បុគ្គលិកចំនួន ៦៩៣ នាក់បន្ថែមទៀត នៅក្នុងរោងចក្ររបស់ខ្លួន នៅរដ្ឋ Nevada ទឹកដីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការធ្លាក់ចុះចំពោះការលក់ និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុនបានដាក់ការជូនដំណឹងនេះ ទៅកាន់នាយកដ្ឋានការងារ បណ្តុះបណ្តាល និងស្តារនីតិសម្បទារបស់រដ្ឋ Nevada ដោយអនុលោមតាមច្បាប់ការងាររបស់សហរដ្ឋអាមេរិក ដោយតម្រូវឲ្យក្រុមហ៊ុនណាមួយដែលមានបុគ្គលិក ១០០ នាក់ ឬច្រើនជាងនេះ ផ្តល់ការជូនដំណឹងមុនរយ:ពេល ៦០ ថ្ងៃ មុនអាចធ្វើការបញ្ឈប់បុគ្គលិក ឬត្រូវបិទរោងចក្រចោល។
គួរឲ្យដឹងផងដែរថា ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla បានបង្ហាញពីការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋកាលីហ្វ័រញ៉ា ដែលតំណាងឲ្យជាង ១០% ឯណោះនៃកម្លាំងការងារសរុបរបស់ខ្លួននៅជុំវិញពិភពលោក។
ជម្រាបជូនផងដែរថា ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃការលក់ និងការកើនឡើងនៃតម្លៃសារពើភ័ណ្ឌ ក្រុមហ៊ុន Tesla ក៏បានប្រកាសកាត់បន្ថយតម្លៃរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ៕