អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី បានបរិច្ចាគថវិកាចំនួន ៥០៩,៩៩៩ដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ហុង ពីវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកឧកញ៉ា ក៏បានចូលរួម ឧបត្ថម្ភថវិកា ២លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ផងដែរ។
សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕