កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដែលរួមដំណើរផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ដែលរួមដំណើរដោយព្រះរាជបុត្រា ម៉ាទីន ផងនោះ ហាក់មិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នៅថ្ងៃទី៣០ ខែមេសានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោដែលនឹងចូលរួមផងដែរ។
រំលឹកបន្តិចថា នេះជាការមកដល់ទឹកដីកម្ពុជាជាថ្មីម្តងទៀតរបស់ព្រះអង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលគ្រានោះទ្រង់បានបើកយន្តហោះមកដោយផ្ទាល់ព្រះអង្គ។
គួរឲ្យដឹងថាយន្តហោះដែលព្រះមហាក្សត្របានបើកមកកាលនោះ ជាប្រភេទ Boeing 767 គឺមិនសូវមានអ្នកប្រើប្រាស់ទំលំទូលាយឡើយ ហើយអ្វីដែលពិសេសគឺទ្រង់ជាម្ចាស់នៃយន្តហោះផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃបំផុតលើលោក ដោយប្រភពធំៗជាច្រើនរាយការណ៍ថា ទ្រង់បានយកមកកែលំអទាំងរចនាបថខាងក្នុង និងក្រៅ ស្រោបដោយមាសផង រហូតធ្វើឲ្យតម្លៃយន្តហោះមួយគ្រឿងនេះឡើងដល់ជិត ៤០០ លានដុល្លារ និងទទួលបានរហស្សនាមថា “The Floating Palace” ថែមទៀតផង។
ក្រៅពីមានយន្តហោះផ្ទាល់ព្រះអង្គជាច្រើនគ្រឿង ព្រះមហាក្សត្រអង្គនេះក៏ត្រូវបានគេដឹងថា ជាអ្នកនិយមចូលចិត្តសន្សំរថយន្តផងដែរ រហូតលឺចចាមអារ៉ាមថា ទ្រង់មានរថយន្តទំនើបនៅឃ្លាំងប្រមាណ ៧ ០០០ គ្រឿងឯណោះ ដែលមានដូចជា Roll Royces ៦០០ គ្រឿង Ferraris ៤៥០ គ្រឿង និង Bentleys ៣៥០ គ្រឿង និងរថយន្តកម្រផ្សេងៗទៀត៕