ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ នៅសណ្ឋាគារលំដាប់ផ្កាយ៥ របស់អ្នកឧកញ៉ា១រូប

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយ​ព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ រូសវូត ភ្នំពេញ (Rosewood Phnom Penh) ក្នុងអគារ​វឌ្ឍនៈ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ។

ព្រះមហាក្សត្រប្រុយណេ បានយាង​មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺ​ដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អាន​ជា​ប្អូនធម៌ជាយូរមកហើយ និងមិន​មែន​​ជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ តាមការ​បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹង​ថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការ​រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុត។ សម្តេច​ឱ្យដឹង​ទៀត​ថា ក្នុងនោះ ព្រះចៅស៊ុល​តង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។

សណ្ឋាគារលំដាប់ផ្កាយ៥ Rosewood Phnom Penh ដែលកាន់កាប់ ១៤ជាន់កំពូល នៃ​អគារវឌ្ឍន: (Vattanac Capital Tower) របស់​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ​​គឺជា​សណ្ឋាគារ​មួយ ដែល​គេ​ទទួល​ស្គាល់​ថា ជា​សណ្ឋាគារ​ដ៏​ប្រណិត​បំផុត​​មួយ​នៅ​ប្រទេស​កម្ពុជា ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​​អាស៊ីប៉ាស៊ីហ្វិក ព្រម​ទាំង​ត្រូវបាន​គេ​​​ទទួល​ស្គាល់​​​ជា​សណ្ឋាគារ​​ដ៏​ល្អ​បំផុត​មួយ ​​​ពី​ទស្សនាវដ្តី​ និង​ស្ថាប័ន​ល្បីៗ​កម្រិត​ពិភពលោក។ ជាក់​ស្តែង នៅ​ឆ្នាំ​២០២២​នេះ សណ្ឋាគារមួយនេះ​ ​​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៤ គឺ​ ១)សណ្ឋាគារ​លំដាប់​កំពូល​ទាំង​១០ ​​នៅ​អាស៊ីអាគ្នេយ៍ (ទស្សនាវដ្តី​​អាមេរិក​ Condé Nast Traveler), ២)ភោជនីយដ្ឋាន​ល្អ​បំផុត​លំដាប់​លេខ​១​នៅកម្ពុជា (ទស្សនាវដ្តី​​អាមេរិក TRAVEL + LEISURE), ៣)សណ្ឋាគារ​​​ល្អ​បំផុត​នៅ​ក្នុង​ទីក្រុង​លំដាប់​លេខ​២​នៅកម្ពុជា (ទស្សនាវដ្តី​​អាមេរិក TRAVEL + LEISURE) និង ៤)សណ្ឋាគារ​ជា​ទីពេញ​ចិត្ត​របស់​អ្នកចាត់ការ​ទូទៅ ​​ចំណាត់​​ថ្នាក់​លេខ១​នៅកម្ពុជា (ទស្សនាវដ្តី​​អាមេរិក TRAVEL + LEISURE) ផងដែរ៕