គម្រោងវិនិយោគ ធុរកិច្ចចំនួន១៤ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទចំនួន ១៤ គម្រោង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើបានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍គម្រោងសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និងគម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣ លានដុល្លារ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ។

ទន្ទឹមនេះ ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជាការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ការសិក្សារៀបចំ និង ពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់។លើសពីនេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០ លានដុល្លារអាមេរិកផងដែរ។

សូមជម្រាបថា ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែល សម្តេចធិបតីបនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ។ តាមរយៈនេះ និងជាបន្តបន្ទាប់ គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៧ ។ហើយក្នុងពេលខាងមុខដ៏ខ្លីនេះ ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ១២ ទៀត ។

ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។ លើសពីនេះ, ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។ ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។

សូមបញ្ជាក់ថា ធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕