អ្នកឧកញ៉ា ឧកញ៉ា ២២០រូប បានចូលរួមពិធីបើកសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ២២០រូប បានអញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកសន្និបាតលើកទី១ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​សមាគម​ឧកញ៉ាកម្ពុជា កាល​រសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ី។ នេះ​បើ​តាមទិន្នន័យ​ពី​សមាគម​ឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើក​សន្និបាត​​នេះ ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងមតិស្វាគមន៍​និងបានជម្រាបជូនអង្គសន្និបាតពីសាវតាសង្ខេបនៃការបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើងព្រមទាំងចក្ខុវិស័យ បេសកកម្ម​សំខាន់ៗ និងតួនាទីផងដែរ ជាពិសេសសមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាង​ឱ្យគោរមវន្ត​ទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាព​មនុស្សធម៌ និងសាមគ្គីភាពក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមបានកំណត់ថា ការរៀបចំ​ធ្វើសន្និបាត គឺត្រូវធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ ដើម្បីរាយការណ៍ពីសកម្មភាពសមាគម​ជូន​សមាជិក​ទាំងអស់ ស្តីពីលទ្ធផលសកម្មភាពឆ្នាំចាស់ និងទិសដៅផែនការសកម្មភាពឆ្នាំថ្មីរបស់សមាគមឧកញ៉ាកម្ពុជា។ ដោយឡែក​ក្នុងឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលបានសម្រេចពន្យារពេល​រហូតដល់ខែមេសានេះ ពីព្រោះថានេះ​ជាឆ្នាំដំបូង ដែលសមាគមត្រូវរៀបចំសន្និបាត ដូច្នេះការរកពេលវេលាសមស្របគឺជារឿងចាំបាច់។

របៀបវារៈបន្ត ជាបទបង្ហាញអំពីសមិទ្ធផលការងាររបស់គណៈកម្មការជំនាញទាំង ៤ នៅក្នុងឆ្នាំ២០២៣កន្លងមក ដែល​មាន​ជាបន្តបន្ទាប់ដូចជា៖

១. បទបង្ហាញរបស់ អ្នកឧកញ៉ា ផែ ហុកឈួន ប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ អំពីការបំពេញការងារទូទៅ​រួមជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុទាំងចំណូល ចំណាយ និងសមតុល្យចុងគ្រាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែល​របាយការណ៍ទាំងនេះត្រូវបានធ្វើសវនកម្មរួចរាល់ដោយសវនករឯករាជ្យ។

២. បទបង្ហាញរបស់ អ្នកឧកញ៉ា លាង ម៉េង ប្រធានគណៈកម្មការកិច្ចការច្បាប់អំពីសមិទ្ធផលការងារ​លើការរៀបចំឯកសារ​គតិយុត្តនានាដើម្បីប្រើប្រាស់នៅក្នុងសមាគមនាឆ្នាំកន្លងមក ក៏ដូចជាការបន្តចូលរួមក្នុងនាមជាដៃគូរាជរដ្ឋាភិបាល​លើការ​ពិនិត្យ វាយតម្លៃ លើកសំណើ និងបញ្ចប់គោរមងារឧកញ៉ា ព្រមទាំងការគាំពារផ្នែកច្បាប់ ដើម្បីជាគុណប្រយោជន៍​របស់​គោរមវន្ត និងចំពោះសមាគមផងដែរ។

៣. បទបង្ហាញរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដោយរួមមានការងារ​ទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិ ដោយអនុវត្តភាពនូវភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីឈានទៅរៀបចំវេទិការធុរកិច្ចឆ្នាំ២០២៤ ក៏ដូចជាបន្តកិច្ចសហការជាមួយបណ្តាស្ថាប័នជាដៃគូជាតិ និងអន្តរជាតិតាមរយៈការបញ្ជូនសមាសភាពពីសមាគមចូលរួមជាសមាជិកនៃគណៈកម្មធិការឬក្រុមប្រឹក្សានានា ព្រមទាំង​ការចាប់ដៃគូផ្គូផ្គងធុរកិច្ចជាមួយវិនិយោគិនបរទេសជាដើម។

៤. បទបង្ហាញរបស់ អ្នកឧកញ៉ា លី ហួរ ប្រធានគណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ ដោយបានផ្តោត​ជាសំខាន់លើការធ្វើបច្ចុប្បន្នកម្មនៃចំនួនសមាជិកដែលបានកើនដល់ ៣៦៥រូប គិតត្រឹមខែមេសា ឆ្នាំ២០២៤ និងបន្ត​គៀងគរ​បន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីការពារគុណតម្លៃ និងឧត្តមភាព​គោរមវន្ត ជាពិសេសបន្តធ្វើសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។

៥. បទបង្ហាញរបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជាលើចក្ខុវិស័យ និងបេសកកម្មរបស់​សមាគម រួមជាមួយរចនាសម្ព័ន្ធដឹកនាំ និងកិច្ចការទូទៅរបស់អគ្គលេខាធិការដ្ឋាន ដែលជាសេនាធិការទទួលបន្ទុក​បំពេញ​ការងារប្រចាំថ្ងៃតាមការសម្រេចរបស់ថ្នាក់ដឹកនាំ និងតាមការចាំបាច់របស់គណៈកម្មការជំនាញទាំង ៤ ជាពិសេសបន្ត​អភិវឌ្ឍនិងបោះពុម្ព សៀវភៅឧកញ៉ា សៀវភៅសកម្មភាព ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស និងឯកសារនានា។

បន្ទាប់មកទៀត អង្គសន្និបាតទាំងមូលបានឈានចូលដល់​របៀបវារៈសំណួរចម្លើយ​ដែលបានផ្តល់ឱកាសដល់​សមាជិកលើក​ឡើង​នូវសំណួរក៏ដូចជាសំណូមពរនានា ដើម្បីចូលរួមផ្តល់នូវទស្សនាទានល្អៗ​ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សមាគមឱ្យ​កាន់តែល្អប្រសើរ និងបំពេញការងារប្រកបដោយផ្លែផ្កាជាវិជ្ជមាន។ របៀបវារៈនេះបានដំណើរការទៅដោយផុសផុល និង​មាន​ការចោទសួរ ព្រមទាំងបកស្រាយយ៉ាងលម្អិតដោយប្រធានគណៈកម្មជំនាញនីមួយៗ។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង​ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជី​ត្រឹមត្រូវ​នៅក្រសួងមហាផ្ទៃ និង​ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ា​កម្ពុជា ជាស្ថាប័ន​តែមួយគត់ តំណាងឱ្យ​គោរមវន្ត​ទាំងអស់​នៅកម្ពុជា និងជាដៃគូ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាព​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស​សកម្មភាព​សង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារ​ឧកញ៉ាកម្ពុជា៕