កាលពីព្រលប់ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន HGB Group ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាម្ចាស់ក្រុមហ៊ុន បានចេញសេចក្តីជូនដំណឹងប្រកាសបញ្ចប់ទទួលសិទ្ធិនាំចូលចែកចាយនិងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។
សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ក្រុមហ៊ុន HGB GROUP Co., Ltd សូមជម្រាបជូនអតិថិជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយ និងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រដល់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ យើងខ្ញុំសង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តប្រើប្រាស់រថយន្ត Jeep និង Ram របស់អ្នកដោយភាពរីករាយ”។
យ៉ាងណាក្តី ទាក់ទងនឹងការបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយនិងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទរថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជាខាងលើនេះ គឺខាងក្រុមហ៊ុនពុំបានបញ្ជាក់អំពីមូលហេតុជុំវិញការបញ្ចប់នេះឱ្យដឹងនោះទេ។
រថយន្ត Jeep និង Ram ដែលមានជាប្រភេទរថយន្ត SUV និង Pick Up គឺជារថយន្តត្រកូលអធិរាជ Off-Road និងសុវត្ថិភាពខ្ពស់ ដែលផលិតនៅប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ Jeep និង Ram ត្រូវបានក្រុមហ៊ុន HGB Group នាំចូលលក់ផ្តាច់មុខនៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២០។ Jeep ម៉ូដែលស៊េរីថ្មី មានលក្ខណៈពិសេសចុងក្រោយដែលរថយន្តដទៃមិនមាន គឺអាចដោះដំបូល ទ្វារ និង ផ្ទៃកញ្ចក់ខាងមុខបានយ៉ាងងាយស្រួល ផ្តល់ជូននូវបរិយាកាសបែបធម្មជាតិ។
សូមជម្រាបថា ក្រុមហ៊ុន HGB Group របស់លោកឧកញ៉ា ង៉ូវ លាងហួត កំពុងនាំចូលរថយន្តម៉ាកល្បីៗ ប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។ រថយន្តប្រណីតៗដែលក្រុមហ៊ុន HGB Group នាំចូល និងលក់ចែកចាយនៅកម្ពុជា មានដូចជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង Mazda ផងដែរ៕