ឧកញ៉ា ហ៊ួត ជា ប្រកាសពាំនាំគ្រឿងបរិក្ខាផ្នែកសំណង់ពីប្រទេសចិនមកកម្ពុជា ដើម្បីបំពេញតម្រូវការ ក្នុងតម្លៃសមរម្យ និងផ្តល់ផលចំណេញ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានប្រកាសថានឹងពាំនាំយកនូវគ្រឿងសំណង់ដែលមានគុណភាពពីប្រទេសចិន ក្នុងតម្លៃសមរម្យ និងផ្តល់ផលចំណេញដល់បងប្អូនកម្ពុជា ជាពិសេសបងប្អូនដែលកំពុងតែទទួលម៉ៅការសាងសង់ ជាវិស្វករ ឬជាម្ចាស់គម្រោងនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបានឱ្យដឹងបែបនេះក្រោយពេលដែលលោកត្រឡប់មកពីចូលរួមការតាំងពិព័ណ៌គ្រឿងសំណង់នៅប្រទេសចិនរយៈពេល៥ថ្ងៃ ក្រោយពីមានការខកខាតអស់រយៈពេល៤ឆ្នាំ។

តាមរយៈវីដេអូលើបណ្តាញផេកផ្លូវការផ្ទាល់របស់លោកឧកញ៉ា បានលើកឡើងថា «បងប្អូនដែលកំពុងតែទទួលម៉ៅការសាងសង់ជាវិស្វករ ជាស្ថាបត្យករ ជាម្ចាស់គម្រោងនានា ខ្ញុំបាទទើបតែត្រឡប់មកពីប្រទេសចិនដែលមានការតាំងពិព័ណ៌៥ថ្ងៃ។ខ្ញុំបានពាំនាំនូវអ្វីដែលថ្មីសម្រាប់កម្ពុជាយើង ក្រោយខ្ញុំបានខកខាតតាំងពិព័ណ៌៤ឆ្នាំមកហើយ តាំងពីកូវីដមក ហើយខ្ញុំមិននឹកស្មានថាប្រទេសចិនមានភាពវ័យឆ្លាត បត់បែន ផ្នែកវិស័យសំណង់ ខ្ញុំទៅលើកនេះគឺមានការប្រែប្រួលជាច្រើន ដែលប្រទេសចិនគេកំពុងតែប្រើអ្វីដែលល្អ គុណភាពល្អ ហើយតម្លៃសមរម្យ ហើយចំណេញពេលវេលា»។

លោកឧកញ៉ាបន្តថា «បើនិយាយពីចក្ខុវិស័យរបស់ក្រុមហ៊ុន ហ៊ួត ជាយើងជាក្រុមហ៊ុនមួយដែលជួយគិតផលិតផល ដែលជួយបំពេញសេចក្តីត្រូវការរបស់បងប្អូន ជាពិសេសបងប្អូនដែលធ្វើខុនដូ ធ្វើអាផានម៉ិន ធ្វើអគារធំៗ បងប្អូនអាចទំនាក់ទំនងមកលេខខ្ញុំ ឬក៏លេខសាខាហួត ជាទាំងអស់២៥ខេត្ត ក្រុង។ដោយ ខាងខ្ញុំមិនមែនជាអ្នកទិញលក់ទេ គឺខាងខ្ញុំនឹងភ្ជាប់ពីរោងចក្រទៅដល់ដៃបងប្អូន ព្រោះទស្សនវិស័យ ចក្ខុវិស័យ គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍១៣ឆ្នាំក្នុងការបញ្ជាទិញពីក្រៅប្រទេស»។

សូមជម្រាបជូនថា ក្រុមហ៊ុនហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងងាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕