សម្តេចធិបតី ស្នើឱ្យវិស័យឯកជន បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ក្រុមហ៊ុន និងវិស័យឯកជន បើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ សំដៅឈានទៅជំរុញវិស័យឧស្សាហកម្មកម្ពុជាកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងខិតខំបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ព្រោះកាលណាបើយើងមានធនធានមនុស្សផ្នែកបច្ចេកវិទ្យា នឹងជួយជំរុញវិស័យឧស្សាហកម្មកម្ពុជាកាន់តែរឹងមាំ។ជាមួយគ្នានេះ សម្តេចធិបតី ក៏បញ្ជាក់ថា ការមានរោងចក្រដំឡើងរថយន្តរបស់តូយ៉ូនៅកម្ពុជានាពេលនេះ គឺជាឱកាសក្នុងការផ្ទេបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។

ជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាល់បណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ អាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ខណៈដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រាជរដ្ឋភិបាលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមរំលឹកដែរថា​ បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្ត កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយដំណាក់កាលទៀត ហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់ បណ្តុះបណ្តាលនៅទូទាំងប្រទេស៕ អត្ថបទ៖ រង្សី