រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុន Toyota តម្លៃប្រមាណ ៣៦,៧ លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន ៦ បូករួមទាំងរោងចក្ររោងចក្រដំឡើងរថយន្តរបស់តូយ៉ូតា ដែលសម្ពោធនៅព្រឹកនេះ មានទុនជិត ៣៧ លានដុល្លារ។ជាមួយគ្នានេះ សម្តេចធិបតី បានចាត់ទុកថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយនឹងការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទុនវិនិយោគ ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន ១៥០ នាក់។
ចំពោះរោងចក្រដែលសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនេះ គឺមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និង ទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគចំនួន ៣៦,៧៨១,០០០ដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕ អត្ថបទ៖ រង្សី